កូនខ្មែរត្រូវដឹង!!! ប្រទេសចំនួន ៤ផ្សេងទៀត មានពិធីបុណ្យស្រដៀងបុណ្យអុំទូកដូចនៅកម្ពុជា
ប្រទេសកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ អំឡុងនៃខែវិច្ឆិកា ខាងមុខនេះ។ ចំណែកប្រទេសចំនួន ៤ទៀត ក៏មានពិធីបុណ្យស្រដៀងនឹងបុណ្យអុំទូកដូចកម្ពុជាផងដែរគ្រាន់តែខុសពេលគ្នាប៉ុណ្ណោះ។
១.ប្រទេសថៃ៖ ក្នុងប្រទេសមួយនេះ មានពិធីមួយឈ្មោះថា “ពិធីប្រណាំងទូកវែង” ដែលធ្វើឡើងរៀងរាល់ឆ្នាំចន្លោះខែកញ្ញា ឬតុលា។ ពិធីនេះធ្វើឡើងនៅតាមខេត្តថៃមួយចំនួនដែលមានទន្លេធំៗឆ្លងកាត់ក្នុងនោះមានដូចជាខេត្ត Phisanulok និង Phichit ដែលមានទន្លេ Nan ឆ្លងកាត់ព្រមទាំងខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែលមានទន្លេ Chao-Phraya ឆ្លងកាត់។

ពិធីនេះជាពិធីបុរាណរបស់ថៃដែលមានអាយុកាលជាង ៦០០ឆ្នាំហើយ ពោលគឺតាំងពីសម័យអយុធ្យាមកម្ល៉េះហើយត្រូវបានរៀបចំធ្វើឡើងក្នុងន័យចង់ឲ្យពលរដ្ឋមានភាពស្វាហាប់ ក្លាហាន និងអង់អាច ដើម្បីជាសសរទ្រូងក្នុងការការពារប្រទេសជាតិខ្លួន។
២.ប្រទេសឡាវ៖ ឡាវមានពិធីមួយឈ្មោះ Boun Xuang Heua ដែលជាពិធីបុណ្យប្រណាំងទូកដ៏ធំក្នុងប្រទេសមួយនេះ។ ពិធីនេះធ្វើឡើងនៅលើទន្លេមេគង្គក្នុងរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី ១៥ ខែទី ១១ នៃប្រតិទិនចន្ទគតិ (តុលា ឬវិច្ឆិកា) ជារៀងរាល់ឆ្នាំ។ ពេលប្រារព្ធពិធីនេះម្ដងៗមានទូកប្រមាណជាង ២០ មកពីគ្រប់បណ្ដាខេត្តទាំងអស់ក្នុងប្រទេសឡាវចូលរួមក្នុងការប្រណាំង។

ចំពោះទូកវិញមានបីប្រភេទដូចជាទូកប្រណាំងបែបប្រពៃណីសម្រាប់បុរសទូកប្រណាំងបែបកីឡាសម្រាប់បុរស និងទូកប្រណាំងបែបប្រពៃណីសម្រាប់នារី។ ជាទូទៅពិធីនេះចាប់ផ្ដើមដោយការប្រណាំងទូកនារីមុនទើបទូកបុរសធ្វើការប្រណាំងគ្នាតាមក្រោយរហូតដល់ចប់កម្មវិធី។
៣.ប្រទេសមីយ៉ាន់ម៉ា (ភូមា)៖ ក្នុងប្រទេសមួយនេះមានពិធីបុណ្យមួយឈ្មោះ Phaung Daw Oo Pagoda Festival ធ្វើឡើងនៅលើបឹង Inle នៅចន្លោះខែកញ្ញា និងតុលាជារៀងរាល់ឆ្នាំ។ ក្នុងពិធីនេះមានការដង្ហែតាមទូក នូវពុទ្ធបដិមាជាច្រើនពីវត្ត Phaung Daw Oo ទៅកាន់ភូមិនានាដែលមានទីតាំងជុំវិញបឹង Inle នេះ ដើម្បីឲ្យពុទ្ធបរិស័ទនៅទីនោះធ្វើការគោរព។

នៅថ្ងៃចុងក្រោយនៃពិធីនេះមានការរាំចង្វាក់ប្រពៃណី និងការប្រណាំងទូកផងដែរ។ ក្រៅពីនេះនៅតាមតំបន់ផ្សេងទៀតក្នុងប្រទេសភូមាដូចជាតំបន់ Rakhine ជាដើមក៏មានពិធីបុណ្យប្រណាំងទូកផងដែរតែទាស់តែនៅទីនោះធ្វើឡើងនៅខែមេសា ឬឧសភា។
៤.ប្រទេសចិន៖ ចិនមានបុណ្យមួយឈ្មោះ Duanwu Festival ឬ ពិធីបុណ្យប្រណាំងទូកនាគ ដែលជាពិធីបុណ្យដ៏បុរាណ និងល្បីឈ្មោះមួយរបស់ប្រទេសមួយនេះ។ ពិធីបុណ្យនេះ ធ្វើឡើងនៅថ្ងៃទី ៥ ខែទី ៥ នៃប្រតិទិនចន្ទគតិ (ខែឧសភា ឬមិថុនា) ជារៀងរាល់ឆ្នាំ និងមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។


ទូកដែលសម្រាប់យកមកប្រណាំងត្រូវបានរៀបចំ និងរចនាម៉ូតឲ្យមានរូបរាងជាសត្វនាគចិនជាទូទៅមានប្រវែងពី ២០ទៅ ៣៥ម៉ែត្រ និងត្រូវការមនុស្សចំនួនពី ៣០ទៅ ៦០នាក់ដើម្បីធ្វើការចែវ។

ពិធីបុណ្យនេះមិនត្រឹមតែធ្វើឡើងនៅតាមតំបន់ជាច្រើននៅក្នុងប្រទេសចិន និងបណ្ដាប្រទេសអាស៊ីមួយចំនួននោះទេ សូម្បីតែនៅតាមប្រទេសជាច្រើននៅលោកខាងលិចក៏មានវត្តមានពិធីនេះផងដែរដោយគ្រាន់តែមានភាពខុសគ្នានូវក្បួនខ្នាតនៃការរៀបចំទូក និងប្រពៃណីមួយចំនួនប៉ុណ្ណោះ៕
ដកស្រង់ដោយ៖ Cambofox
ប្រភព៖ សប្បាយ



